ភ្នំពេញ៖ សមាគមភាពជាដៃគូកម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ (ខាំបូដ្រា) ដែលធ្វើការងារផ្តោតលើកសិកម្ម បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។ សមាគមថ្មីនេះ បង្កើតឡើងព្រោះចង់ឃើញប្រជាកសិករមានសេដ្ឋកិច្ចរីកចម្រើន និងជួយឲ្យការរស់នៅរបស់កសិករមានគុណភាពជីវិត និងភាពថ្លៃថ្នូរ។
លោក ហ៊ឹម នឿន អគ្គលេខាធិការខាំប្រូដ្រា បានថ្លែងក្នុងពិធីបើកសម្ពោធនោះថា ខាំប្រូដ្រាត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព របស់អង្គការកសិករ លើផ្នែកបច្ចេកទេស ជំនួញ និងការអភិវឌ្ឍស្ថាប័ន ក៏ដូចជាស្វែងរកទីផ្សារ និងដើមទុនវិនិយោគសម្រាប់អង្គការកសិករនោះ។ សមាគមកសិកម្មថ្មីមួយនេះ ក៏មានបំណងធ្វើឱ្យប្រសើរឡើង នូវបរិយាកាសអំណោយផល សម្រាប់អាជីវកម្មរបស់កសិករ ដែលមានប្រសិទ្ធភាព និងប្រាក់ចំណេញសមរម្យ។
ក្នុងន័យនេះ ខាំបូដ្រា នឹងផ្តល់ការគាំទ្របច្ចេកទេស កសិពាណិជ្ជកម្ម និងអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន កៀរគរធនធាន សម្របសម្រួលបរិយាកាសអំណោយផល សម្រាប់អង្គការកសិករ និងពង្រឹងខ្សែសង្វាក់តម្លៃកសិកម្ម និងបង្កើនប្រាក់ចំណូលរបស់កសិករ។ លោក ហ៊ឹម នឿន បន្ថែមដូច្នេះ៖ ខាំបូដ្រា នឹងដើរតួជាអ្នកសម្របសម្រួល រវាងកសិករ និងទីផ្សារ ក្នុងការជំរុញផលិតផលកសិកម្មឲ្យជិតទីផ្សារ ចែករំលែកចំណេះដឹងកសិកម្ម និងផ្ដល់ព័ត៌មានទីផ្សារកសិកម្ម ដល់កសិករ»។
បើតាមលោក ហ៊ឹម នឿន ដដែល ខាំបូដ្រា គឺចង់ឃើញកសិករកម្ពុជាមានគុណភាពជីវិត និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។
លោក ប៉ាន សុភាព ដែលប្រធានក្រុមប្រឹក្សាភិបាលសមាគមខាំបូដ្រា ក៏បានថ្លែងសុន្ទកថាខ្លីនៅក្នុងពិធីបើកសម្ពោធនេះដែរ។ ក្រៅតែពីលើកឡើងពីបំណងនៃការបើកសមាគន៍ហើយ លោក ប៉ាន សុភាព សង្ឃឹមជឿជាក់ថា ខាំបូដ្រា នឹងក្លាយជាដៃគូមិនអាចខ្វះបានរបស់ភាគីពាក់់ព័ន្ធ ដើម្បីធ្វើយ៉ាងណា កែលម្អផលិតកម្មកសិកម្ម និងការផ្សារភ្ជាប់ទីផ្សាររវាងកសិករ និងអ្នកបញ្ជាទិញផលិតផលកសិកម្ម។
លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្តែងការសាទរ ចំពោះការបើកដំណើរការសមាគមខាំបូដ្រានាពេលនេះ។ សម្រាប់លោក គង់ ភាជ ខាំបូដ្រា មិនមែនជាប្រកួតប្រជែងជាមួយក្រុមហ៊ុនឯកជន ឬអ្នកណាទេ ប៉ុន្តែខាំបូដ្រា នឹងក្លាយជន្ទល់ដល់រឹងមាំមួយ សម្រាប់ឲ្យកម្ពុជាអភិវឌ្ឍខ្លួនកាន់តែមុតស្រួច លើវិស័យកសិកម្ម ពិសេសអំឡុងកូវីដ-១៩នេះ។ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្មរូបនេះ ក៏ទទូចឲ្យតួអង្គពាក់ព័ន្ធទាំងអស់រួមមានកសិករ អាជីវកម្មខ្នាតតូច និងមធ្យមលរួមឲ្យបានសកម្ម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
សូមជម្រាបថា ខាំបូដ្រា គឺជាវេទិកាបណ្តាញថ្នាក់ជាតិ ដែលប្រមូលផ្តុំស្ថាប័ន និងតួអង្គសំខាន់ៗ ដែលទាក់ទងនឹងកសិកម្ម ដើម្បីធ្វើការរួមគ្នា ដើម្បីកែលម្អផលិតកម្មកសិកម្មនិងការផ្សារភ្ជាប់ទីផ្សារ ដែលផ្តល់ផលប្រយោជន៍ដល់កសិករ និងសហគមន៍របស់ពួកគេ។ បង្កើតឡើងនៅខែមីនា ឆ្នាំ២០១៩ សមាគមនេះ មានសមាជិកចំនួន២១ស្ថាប័ន ដែលធ្វើការទាក់ទងនឹងវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ ក្នុងនោះមាន អង្គការកសិករចំនួន៤ ក្រុមហ៊ុនឯកជនចំនួន៥ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួន១២៕