ការចូលរួមរបស់យុវជនក្នុងវិស័យកសិកម្ម គឺជាប្រធានបទលេចធ្លោមួយនាពេលថ្មីៗនេះ ហើយបានបង្កើន របៀបវារៈនៃការអភិវឌ្ឍន៍ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ថាយុវជនបានក្លាយជាមនុស្សដែលមិនចូលចិត្តនឹងការងារកសិកម្ម។
ស្របពេលជាមួយគ្នានេះដែរ ចំនួនប្រជាជននៅតាមទីក្រុងមានការកើនឡើងជាលំដាប់ និងរីកចម្រើនឥត ឈប់ឈររួមជាមួយនឹងមានការផ្លាស់ប្តូរផលិតកម្ម និងការប្រើប្រាស់ម្ហូបអាហារយ៉ាងខ្លាំងក្នុងលំនាំវិធីផ្សេងទៀត ដែលបង្កហានិភ័យដល់សន្តិសុខស្បៀងសម្រាប់មនុស្សគ្រប់រូប នាពេលអនាគត។ ដូច្នេះ កិច្ចការចាំបាច់បំផុតនោះគឺ ការគាំទ្រពីតួអង្គនានា និងអ្នកពាក់ព័ន្ធដើម្បីពង្រីកការវិនិយោគប្រកបដោយការទទួលខុសត្រូវនៅក្នុងប្រព័ន្ធកសិកម្ម និងស្បៀងអាហារ។
អង្គការអាស៊ាដ្រា(AsiaDHRRA) ក្នុងការងារកសាងកិច្ចសហប្រតិបត្តិការ និងពង្រឹងយន្តការឆ្ពោះទៅរកការសំរេចបាននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព(SDG) និងរបៀបវារៈទស្សវត្សកសិកម្មជាលក្ខណៈគ្រួសារ របស់អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) បានចាប់ដៃគូជាមួយអង្គការFAO ក្នុងការធ្វើមូលដ្ឋានីយកម្មនៃ“ការគាំទ្រការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងប្រព័ន្ធកសិកម្មនិងស្បៀងអាហារ ”សម្រាប់កម្មវិធីរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។
សមាគមខាំបូដ្រា (CamboDHRRA) ដែលជាសមាជិករបស់អង្គការអេស៊ាដ្រា បានសហការជាមួយសមាជិករបស់ខ្លួនដើម្បីអនុវត្តន៍កម្មវិធី “ការពង្រឹងសមត្ថភាព និងលើកកម្ពស់យុវជនក្នុងការវិនិយោគកសិកម្មប្រកបដោយ ការទទួលខុសត្រូវ(RAI)នៅក្នុងប្រទេសកម្ពុជា” ក្នុងគោលបំណងបង្កើនការយល់ដឹង និងធ្វើសកម្មភាពរួមគ្នាទាក់ទងនឹង RAI រួមមាន ការបង្កើនបរិយាកាសអំណោយផល ការពង្រឹងសមត្ថភាពដល់យុវជន ស្ត្រី និងភាគីពាក់ព័ន្ធ ធ្វើអោយប្រសើរឡើងនូវការត្រួតពិនិត្យ និងការវាយតម្លៃពីនិន្នាការ និងផលប៉ះពាល់នៃរបៀបវារៈនេះ ជាពិសេពីសារៈសំខាន់នៃការចូលរួម និងផ្តល់អំណាចដល់យុវជន និងស្រ្តីក្នុងវិស័យកសិកម្ម។
ឯកសារនេះ គឺជាការចងក្រងអនុសាសន៍សំខាន់ៗ ដែលជាលទ្ធផលនៃសកម្មភាពបាននអនុវត្តរួមគ្នាកន្លងមក ក្នុងការ
លើកកម្ពស់ការចូលរួមរបស់យុវជនក្នុងវិស័យកសិកម្ម ដែលរួមមាន (១)សិក្ខាសាលាស្តីពីការវាយតំលៃ សមត្ថភាព យុវជន និងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវនៅប្រទេសកម្ពុជា (២)សិក្ខាសាលាពិគ្រោះយោបល់ស្តីពីយុវជននិងទស្សនទានឆ្ពោះទៅអនាគតកសិកម្មកម្ពុជា និង(៣)ការសិក្សារហ័សស្តីពីយុវជន និងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។
សង្ឃឹមថា ឯកសារនេះនឹងអាចជាឯកសារយោងសម្រាប់ការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងផែនការសកម្មភាពជាក់ស្តែង ក្នុងការស្វែងរកដំណើរឆ្ពោះទៅរកការអភិវឌ្ឍកសិកម្ម និង ជនបទប្រកបដោយចីរភាព ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការអេស៊ាដ្រា សម្រាប់ការជឿទុកចិត្តក្នុងភាពជាដៃគូជាមួយយើងខ្ញុំសម្រាប់គំនិតផ្តួចផ្តើមនេះ។ សូមថ្លែងអំណរគុណដល់សមាជិកសមាគមខាំបូដ្រា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ទីប្រឹក្សាឯករាជ្យ និងតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ធាតុចូល គំនិតផ្តួចផ្តើមនានា និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដែលបានអនុវត្តរួមគ្នាកន្លងមក។